ភ្នំពេញ៖ សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស ថា នឹងមិនចូលរួមប្រជុំ ដោះស្រាយជាមួយក្រសួងការងារ អំពីបញ្ហាតម្លើង ប្រាក់ខែកម្មករ នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៤ឡើយ។ សេចក្ដីថ្លែងការណ៍របស់ សហជីពសេរីកម្មករ នៅថ្ងៃទី០៦ ដែលចុះហត្ថលេខាដោយលោក ជា មុនី ជាប្រធាន បានឲ្យដឹង ថា មូលហេតុ ដែលសហជីពសេរីកម្មករ ប្រកាសយ៉ាងដូច្នេះ ព្រោះ ថាសហជីព យល់ឃើញ ថា លទ្ធផលប្រជុំនឹងឥតប្រយោជន៍ ប្រសិនបើថ្នាក់ដឹកនាំ សហជីពណាមួយ ក្នុងចំណោមសហជីពទាំង៥ ត្រូវបានទទួលរង ការប្ដឹងផ្ដល់ទៅស្ថាប័នតុលាការ ដើម្បីធ្វើការគាបសង្កត់ គំរាមកំហែងទៅលើសិទ្ធិស្រ បច្បាប់របស់សហជីព ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សហជីពសេរីកម្មករ យល់ឃើញ ថា ទាំងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា ទាំងក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ គួរតែអនុញ្ញាឲ្យកម្មករ-កម្មការនី បានសម្រាកពីការងារ មួយរយៈពេល ដោយមិនកាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដើម្បីបញ្ចៀស នូវអំពើហិង្សានានា កើតឡើងជាយថាហេតុ នាំឲ្យប៉ះពាល់ដល់ជីវិតរបស់កម្មករ-កម្មការនី និងទ្រព្យសម្បត្ដិរបស់រោងចក្រ សហគ្រាស តាមរយៈរូបភាព នៃការបង្រ្កាបផ្សេងៗ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្រោមលេសចោទប្រកាន់ថា ជាក្រុមជនអនាធិបតេយ្យ។ គួរបញ្ជាក់ ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៣ ខែមករា បានចេញប្រកាសព័ត៌មានមួយ ដោយកោះអញ្ជើញ សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការដោះស្រាយលើ ករណីទាមទារតម្លើងប្រាក់ខែអប្បបរមាជូនកម្មករ នយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង និងបញ្ហាបាតុកម្ម ពាក់ព័ន្ធករណីនេះ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ ខាងមុខនេះ៕
Post a Comment